12 July 2017

វិធីសាស្ត្រឡើងប្រាក់ខែលឿនដ៏មានប្រសិទ្ធភាពបំផុតពីបុគ្គលិកឆ្នើមពីររូប


បុគ្គលិកគ្រប់រូបដែលកំពុងតែធ្វើការនៅក្នុងក្រុមតូច ឬក្រុមហ៊ុនធំ និងធ្វើការក្នុងវិស័យឯកជនក្តី សុទ្ធសឹងតែមាន​គោល​បំណ​ង​ជាក់ស្តែងមួយសម្រាប់ក្រុមហ៊ុន និងខ្លួនឯង។ បុគ្គលិកភាគច្រើនណាស់ ពួកគេតែងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងជារឿយៗ ដើម្បីបានតំណែងខ្ពស់ និងឡើងប្រាក់ខែកាន់តែច្រើនជាងមុន។ ក៏ប៉ុន្តែនៅមានបុគ្គលិកមួយចំនួនដឹងថាខ្លួនឯង​ចង់បាន​តំ​ណែ​ងខ្ពស់ជាងមុន ប្រាក់ខែច្រើនជាងមុន តែពួកគេនៅមិនទាន់ដឹងនៅតិចនិក ឬវិធីសាស្ត្រឡើងប្រាក់ដ៏មាន​ប្រសិទ្ធភា​ពនៅ​ឡើ​​យ។ ថ្ងៃនេះពាណិជ្ជកម្មកម្ពុជា នឹងធ្វើការសម្ភាសបុគ្គលិកដែលធ្លាប់ធ្វើការតំាងពីបុគ្គលិកធម្មតា ប្រាក់ខែតិចក្លាយ​ជាប្រ​ធា​​ន​ផ្នែក ឬអ្នកជំនាញដែលប្រាក់ខែខ្ពស់មកធ្វើការបង្ហាញ។

លោកសយ ដារ៉ាទីតូ ជានាយកផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន Saturn Holdings មានប្រសាសន៍ថា ដើម្បីឲ្យក្រុមហ៊ុនដំឡើង​ប្រា​ក់​​ឡើងតួនាទី បុគ្គលិកត្រូវសម្លឹងមើលតួនាទីបន្ទាប់។ ឧទាហរណ៍៖ យើងធ្វើការបច្ចុប្បន្នជាមន្ត្រីហិរញ្ញវត្ថុធម្មតា ចំណែក​តំ​ណែ​ងបន្ទាប់គឺនាយកហិរញ្ញវត្ថុជាដើម អ៊ឹចឹងយើងស្វែងរកព័ត៌មានតើតួនាទីជានាយកហិរញ្ញវត្ថុនឹងមានការតួនាទី និងកា​រទ​ទួ​​លខុសត្រូវធ្វើអ្វីខ្លះ? នៅពេលដែលយើងដឹងហើយថា តួនាទីនឹងមានតម្រូវការអ្វីខ្លះហើយ ហើយមកពិនិត្យមើលខ្លួនថា​យើ​ង​មានគ្រប់គ្រាន់ហើយឬនៅ បើមិនទាន់ទេ យើងត្រូវវិនិយោគលើខ្លួនឯង គឺត្រូវទៅរៀនបន្ថែមទៀត ដើម្បីបំពេញតម្រូវ​ការតួ​នា​ទី។ ជាក់ស្តែងលោកផ្ទាល់ពេលលោកនៅជាមន្ត្រីហិរញ្ញវត្ថុធម្មតា លោកបានទៅសិក្សាបន្ថែមជំនាញ​ដែលសម​ស្រប​ដើម្បី​ទៅ​កាន់តួនាទីជានាយកហិរញ្ញវត្ថុ។
លោកសយ ដារ៉ាទីតូ បានបន្តថា បន្ទាប់ពីយើងមានចំណេះដឹងគ្រប់គ្រាន់ហើយ ត្រូវបង្ហាញឲ្យក្រុមហ៊ុនដឹងអំពី​សមត្ថភា​ព​យើ​ង​​ថា យើងអាចធ្វើតំណែងបន្ទាប់បាន។ មួយវិញទៀតប្រសិនបើក្នុងក្រុមហ៊ុនគ្មានតំណែងបន្ទាប់ទេ យើង​អាចដាក់ពាក្យ​នៅ​ក្រុម​ហ៊ុនផ្សេងលើតួនាទីដែលយើងចង់បាន។ លោកបានបន្ថែមថា យើងអាចប្រៀបធៀខ្លួនឯងទៅនឹងទំនិញផងដែរ មូល​ហេ​តុ​អ្វីមានទំនិញខ្លះថោក ទំនិញខ្លះថ្លៃ ហើយបើយើងងាកមើលបុគ្គលិកវិញគឺដូចគ្នា បើ​បុគ្គលិកមានគុ​ណភា​ពខ្ព​ស់​នោះ​ប្រា​ក់​ខែ​ក៏ខ្ពស់ដែរ ដោយផ្ទុយនឹងបុគ្គលិកគ្មានគុណភាព ក៏ធ្វើការទទួលបានប្រាក់ខែទាបទៅតាមនឹងដែរ។
សម្រាប់លោកឡុន ដានេ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកធនធានមនុស្ស ក្រុមហ៊ុន TALENT Business Partner បានពន្យល់ថា ដើម្បី​ឡើ​ង​ប្រាក់ខែបានលឿនបុគ្គលិកត្រូវមាន៥ចំណុចសំខាន់ៗ។ លោកបន្តថាចំណុចទំាងនោះរួមមាន ការខិតខំប្រឹងប្រែង រាល់​បុគ្គលិកទំាងអស់បើចង់ឡើងប្រាក់ខែលឿនត្រូវតែខិតខំធ្វើការឲ្យមានលទ្ធផលល្អតាមតម្រូវការរបស់ក្រុមហ៊ុន។ ទី២ គឺការ​រា​យ​ការណ៍៖ ពេលខ្លះរាយការណ៍អំពីលទ្ធផលការងាររបស់យើងដែលយើងសម្រេចបានក្រុមហ៊ុន ព្រោះពេលខ្លះ​ខាង​ក្រុម​ហ៊ុន​ក៏មិនបានដឹងជាក់ច្បាស់ផងដែរ។ ចំណុចទី៣ ការចូលរួម៖គឺមានន័យថា យើងត្រូវសកម្មក្នុងការ​ចូលរួម​សកម្ម​ភាព​នា​នា​ដែលក្រុមហ៊ុនរៀបចំឡើងដូចជាការចូលរួមប្រជុំ សកម្មភាពការងារខាងក្រៅ ឬសកម្មភាពផ្សេង។ ពេលចូលរួម​ប្រជុំ​ត្រូវ​មាន​គំនិត​ថ្មីៗទាក់ទងនឹងការងារ បញ្ហាជួបប្រទេស ឬគំនិតច្នៃប្រឌិតផ្សេងៗ។ ចំណុចទី៤ ការងារជាក្រុម៖ ការងារនេះ​សំដៅលើ​របៀបនៃការក្រុម ការមានទំនាក់ទងល្អក្នុងក្រុមជាដើម និងទី៥គឺទំនាក់ទនងល្អ ឬមានជំនាញទំនាក់ទំនង ដែលធ្វើឲ្យ​បុគ្គលិ​ក​មា​នគេស្គាល់ច្រើន មានអ្នករាប់អានច្រើន និងមានគេទទួលស្គាល់កាន់តែច្រើនងាយស្រួលក្នុងការដំឡើងប្រាក់ខែ និង​តួ​នាទី។
លោកបានបន្តថា ជាទូទៅមុននឹងក្រុមហ៊ុនដំឡើងប្រាក់ខែឲ្យបុគ្គលិកគេតែគិតលើកត្តា២សំខាន់ៗ ទីគឺលទ្ធផល​ការ​ងារ​ជាក់​ស្តែង ថាតើបុគ្គលិករបស់ខ្លួនធ្វើការទទួលបានលទ្ធផលល្អ ឬលទ្ធផលតាមការគ្រោងទុកដែរឬទេ? ទី២ជំនាញទុន គឺលោ​កច​ង់សំ​ដៅលើជំនាញធ្វើការងារជាក្រុម ជំនាញទំនាក់ទំនង និងភាពច្នៃប្រឌិតខ្ពស់ជាដើម សុទ្ធសឹងជាចំណុច​សំខា​ន់ស​ម្រា​ប់ដំ​ឡើងប្រាក់ខែឲ្យបុគ្គលិក។ លោកបានបន្ថែមថា បុគ្គលិកត្រូវមានទស្សនៈចាត់ទុកក្រុមហ៊ុនជារបស់ខ្លួន និងខិតខំប្រឹង​ប្រែង​ធ្វើ​ការឲ្យអស់សមត្ថភាពដើម្បីឲ្យក្រុមហ៊ុនរីកចម្រើន ទើបក្រុមហ៊ុនអាចមានលទ្ធភាពដំឡើងប្រាក់ខែឲ្យបុគ្គលិកបាន។
ជាការពិតណាស់ សម្រាប់បុគ្គលិកខ្លួនឯងផ្ទាល់ ត្រូវមានភាពស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ មានគំនិតច្នៃប្រឌិត ធ្វើ​យ៉ា​ងណាឲ្យក្រុមហ៊ុនកើនចំណូល ឬជួយសន្សំក្រុមហ៊ុន។ ម្យ៉ាងវិញបុគ្គលិកមិនអាចធ្វើការចង់បានតែប្រាក់ខែនោះទេ ពួក​គេ​ត្រូវមានគំនិតជាសហគ្រិនភាពផងដែរ ត្រូវចាត់ទុកថាក្រុមហ៊ុនជារបស់ខ្លួន ប្រឹងប្រែងធ្វើការឲ្យក្រុមហ៊ុនមា​នការរី​កច​ម្រើ​ន ទាញឲ្យក្រុមហ៊ុនមានការរីកចម្រើន ព្រោះបើក្រុមហ៊ុនរីកចម្រើន យើងជាបុគ្គលិកក៏រីកចម្រើនដូចគ្នា។ ធ្វើកា​រងារត្រូវទា​ញ​​យ​កគុណភាពការងារឲ្យបានខ្ពស់ ហើយមួយវិញទៀត បើយើងខ្វះជំនាញត្រូវស្វែងរកចំណេះដឹងបន្ថែមទៀត សម្រា​ប់​បំ​ពេញ​ការងារឲ្យបានល្អ៕
អត្ថបទដោយ៖ ម៉ន វុទ្ធា

No comments:

Post a Comment

ការអោយមតិរបស់អ្នក