លើលោកនេះតើមានអ្វីដែលធំជាងក្ដីស្រឡាញ់របស់ម្ដាយ! នេះជាពាក្យក្នុងចិត្តកូនៗគ្រប់គ្នាដែលរឭកដឹងព្រះគុណរបស់ម្ដាយដែលជាបុគ្គលចាំតែឲ្យដោយមិនរំពឹងផលតបស្នង។ ការព្រួយបារម្ភរវាងឪពុកម្ដាយនិងកូន រមែងកើតមានស្របគ្នាជាញឹកញាប់ ដូចជារឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ដែលមានឋានៈជាអ្នកក្រីក្រតាមស្រែ
ចម្ការ ដោយឪពុកបានស្លាប់ចោលតាំងពីគេអាយុ ៣ខួប ហើយម្ដាយរបស់គេប្រកបរបរជាអ្នកស៊ីឈ្នួលបោកសំលៀកបំពាក់ ដូច្នេះគេក៏ព្យាយាមដើរការងារឲ្យគេ តាំងពីថ្នាក់បឋម ដើម្បីជួយសម្រាលភារៈរបស់ម្ដាយនិងទុករៀនខ្លួនឯង។
ក្នុងខណៈដែលកូនប្រុសអាយុ ១៨ឆ្នាំ គេរៀនពូកែបានចំណាត់ថ្នាក់ល្អគ្រប់មុខ និងបានប្រឡងជាប់ចូលរៀនមហាវិទ្យាល័យយ៉ាងងាយ។ ម្ដាយរបស់គេបានលួចទៅលក់ឈាមដើម្បីត្រៀមប្រាក់ឲ្យគេចូលរៀនមហាវិទ្យាល័យ។ កូនប្រុសដឹង តែបានត្រឹមតែធ្វើមិនដឹង ព្រោះខ្លាចធ្វើឲ្យម្ដាយកាន់តែខូចចិត្ត។ តាមពិតកូនប្រុសផ្ទាល់ក៏បានបិទបាំងម្ដាយដែរពីរឿងដែលគេដើរស៊ីឈ្នួលលីសែង ដើរបោះកាសែតរហូតធ្លាប់ខ្យល់គសន្លប់កណ្ដាលថ្នល់ ព្រោះចង់សម្រាលបន្ទុករបស់ម្ដាយ។
កំឡុងពេលវ៉ាកងឆ្នាំទី២ កូនប្រុសបានត្រលប់មកផ្ទះ សម្លឹងឃើញម្ដាយដែលត្រូវបោកខោអាវដោយដៃក្រោមអាកាសធាតុដ៏ត្រជាក់។ ម្ដាយប្រាប់កូនប្រុសថា "ការងារផ្សេងៗត្រូវធ្វើយូរទម្រាំបានលុយ មានតែបោកខោអាវនេះហើយដែលល្អបំផុត បោកមួយអាវៗបាន ៥០០៛ដែរ។ ខោអាវអស់នេះអត់គគ្រិចទេកូន សុទ្ធតែខោអាវអ្នកមាន គេខ្លាចបោកម៉ាស៊ីនទៅខូចខោអាវគេ ទើបគេយកឲ្យម៉ែបោក"។
ល្ងាចថ្ងៃនោះ ក្រោយពីហូបបាយល្ងាចរួច ម្ដាយក៏និយាយប្រាប់កូនដោយសប្បាយចិត្តថា "កូនហ្អា អាទិត្យនេះម៉ែបោកខោអាវបានលុយ ១០ម៉ឺន"។ និយាយចប់ ម្ដាយក៏លូកដៃទាញលុយពីហោប៉ៅខោចេញមក ប៉ុន្តែឃើញតែក្រដាស ៥ម៉ឺនមួយសន្លឹកគត់។
គាត់ស្រាប់តែមានទឹកមុខស្លេកស្លាំង ព្រមទាំងនិយាយទាំងភ័យថា "ម៉ែបាត់លុយ! ម៉ែបាត់លុយអស់ ៥ម៉ឺន!”។ និយាយចប់ម្ដាយក៏ប្រញាប់ទាញពិលបញ្ចាំង ដើរចេញទៅខាងមុខផ្ទះកន្លែងដែលគាត់បោកខោអាវពេលថ្ងៃ។ នៅខាងក្រៅមេឃងងឹតស្លុប ម្ដាយបានឆ្លុះពិលរកមើលគ្រប់កន្លែងជុំវិញផ្ទះ តែក៏រកមិនឃើញ។ "ឬមួយម៉ែធ្វើឲ្យបាត់ពេលយកខោអាវទៅឲ្យគេពេលថ្ងៃមិញ" ម្ដាយរអ៊ូតិចៗ។ និយាយមិនទាន់ផុតពីមាត់ផង គាត់ក៏ប្រញាប់ដើរកាន់ពិលទៅផ្ទះម្ចាស់ខោអាវដែលនៅចម្ងាយបីបួនរយម៉ែត្រពីផ្ទះ ប៉ុន្តែនៅតែរកមិនឃើញ។
លុយ៥ម៉ឺន អាចមិនជាច្រើនប៉ុន្មានឡើយសម្រាប់អ្នកមានលុយ ប៉ុន្តែលុយចំនួននេះ គឺជាលុយដែលអាចចាយបានពេញមួយខែសម្រាប់គាត់ និងជាថ្លៃចាយវាយសម្រាប់កូនប្រុសបានមួយខែដូចគ្នា។ កូនប្រុសដើរពីក្រោយតាមម្ដាយ ទាំងអួលដើមក និងគិតក្នុងចិត្តថា "នេះជាលុយដែលម៉ែត្រូវបោកខោអាវ ១០០សម្រាប់ទើបបានមក"។ គេគិតបណ្ដើរយកដៃជូតទឹកភ្នែកបណ្ដើរ។ ក្រោយម្ដាយប្រឹងដើររកចុះឡើងៗបែបនេះពីរបីត្រលប់ កូនប្រុសក៏និយាយថា "ម៉ែ មិនបាច់រកទៀតទេ ចាំស្អែកកូននឹងជួយរកឲ្យ មេឃងងឹតដូច្នេះរកអីក៏មិនឃើញដែរ"។ ម្ដាយក៏ព្រមចូលផ្ទះសម្រាន្ត។
នៅយប់នោះ កូនប្រុសបានលួចយកលុយដែលម្ដាយទើបតែឲ្យគេ៥ម៉ឺន ជាលុយចាយប្រចាំខែរបស់គេយកទៅដាក់នៅស្នួខោអាវខាងក្រោយផ្ទះ។ នេះជាវិធីតែមួយគត់ដែលគេគិតឃើញ ដើម្បីឲ្យម្ដាយរបស់គេបាត់ព្រួយបារម្ភ។
លុះដល់ព្រឹកឡើង កូនប្រុសក៏បានឮសំឡេងម្ដាយស្រែកប្រាប់ថា "កូនម៉ែ ម៉ែរកលុយឃើញហើយ!” គេភ្ញាក់ឡើង ទាំងដឹងថាលុយនោះជាលុយអ្វី។ គេធ្វើជាសប្បាយចិត្តជាមួយម្ដាយ និងនិយាយថា "ឃើញទេម៉ែ ម៉ែជាមនុស្សល្អ ទេវតាតាមឃុំគ្រងម៉ែ លោកប្រាកដជាទុកលុយឲ្យម៉ែមិនឲ្យបាត់ទេ"។
“បានមកវិញម៉ែសប្បាយចិត្តហើយ តែលុយ៥ម៉ឺននេះ ម៉ែឲ្យឯងថែម ចាត់ទុកថាលុយម៉ែបាត់ហើយទៅចុះ យកទៅទិញម្ហូបឆ្ងាញ់ៗហូបខ្លះទៅ កូនម៉ែឥលូវស្គមខ្លាំងណាស់"។ ម្ដាយយកលុយ៥ម៉ឺននោះដាក់ក្នុងដៃរបស់កូន ហើយក៏ទាញគេមកឱប។ ទឹកភ្នែកកូនប្រុសហូរមកម្ដងទៀត និងនិយាយថា "ម៉ែ ម៉ែឲ្យកូន៥ម៉ឺនម្សិលមិញរួចហើយ ម៉ែឲ្យខ្ញុំ៥ម៉ឺនទៀត វាច្រើនពេកហើយ ហើយចុះម៉ែបានលុយឯណាទុកប្រើ?”។ "កូនល្ងង់ ម៉ែបោកខោអាវតែប៉ុន្មានថ្ងៃទៀតក៏បាន ៥ម៉ឺនហើយ មិនបាច់បារម្ភពីម៉ែទេ កូនឯងខំប្រឹងតែរៀនទៅ" ម្ដាយប្រាប់កូនប្រុស។ កូនប្រុសក៏ឱបម្ដាយដោយក្ដីស្រឡាញ់និងគោរពម្ដងទៀត ចំពោះអ្នកម្ដាយដែលមិនធ្លាប់បារម្ភសូម្បីតែខ្លួនឯង។
ពេលកូនប្រុសរៀនចប់ ក៏បានទទួលការងារនៅក្រុមហ៊ុនធំមួយ។ ក្រោយធ្វើការបានមួយឆ្នាំ ថៅកែបានអនុញ្ញាតឲ្យគេស្នាក់នៅបន្ទប់ទំនេរមួយក្បែអគារក្រុមហ៊ុន។ គេក៏បានទៅទទួលម្ដាយមកនៅជាមួយ។ ចាប់ពីថ្ងៃនោះមក ម្ដាយរបស់គេក៏មិនបាច់ត្រូវបោកខោអាវតទៀតឡើយ។ លុយក្រដាស ៥ម៉ឺននោះ គេបានយកមកអ៊ុតក្របបិទលើជញ្ជាំង ព្រោះមិនហ៊ានចាយលុយ ដែលស្ទើរតែជាជីវិតម្ដាយរបស់គេនៅយប់នោះ ហើយក៏ប្ដេជ្ញាថានឹងមើលថែជីវិតម្ដាយរបស់គេយ៉ាងអស់ពីចិត្ត។ លុយ៥ម៉ឺននោះគឺជាក្ដីស្រឡាញ់ គឺជាកម្លាំងចិត្ត និងជាគ្រប់យ៉ាងដែលម្ដាយគេឲ្យមកគេ។
ល្ងាចថ្ងៃមួយ កូនប្រុសបាននិយាយដល់រឿងលុយ ៥ម៉ឺននោះ។ គេបានចង្អុលទៅលុយលើជញ្ជាំងនោះ និយាយថា "ម៉ែមើលចុះ លុយ ៥ម៉ឺនរៀល ដែលម៉ែបានឲ្យនៅយប់នោះ ពេលនេះវានៅតែនៅជាមួយយើងក្នុងផ្ទះថ្មីនេះ សំណាងល្អណាស់ដែលម៉ែរកវាឃើញវិញ"។ ម្ដាយក៏តបទៅវិញ "កូនល្ងង់អើយ គិតថាម៉ែមិនដឹងយ៉ាងម៉េចថាលុយនេះជាលុយដែលម៉ែឲ្យឯង ព្រោះលុយដែលបាត់មិនមែនក្រដាស៥ម៉ឺនទេ ម៉ែចាំលុយរបស់ម៉ែបាន"។ កូនប្រុសសម្លឹងមើលម្ដាយដោយមិនជឿអ្វីដោយខ្លួនបានឮ។ "ម៉ែដឹងថាកូនចង់ឲ្យម៉ែធូរចិត្ត កូនស្រឡាញ់ម៉ែដល់ថ្នាក់នេះ ម៉ែមិនគួរធ្វើឲ្យកូនពិបាកចិត្តទៀតទេ ទើបម៉ែធ្វើជារំភើបចិត្តដែលរកលុយឃើញ កូនម្ដាយ ម្ដាយអរគុណទឹកចិត្តកូន"។ កូនប្រុសឱបម្ដាយម្ដងទៀត ដោយមិនធ្លាប់គិតពីមុនមកឡើយថា អ្វីដែលគេធ្វើដើម្បីម្ដាយនៅថ្ងៃនោះ ការពិតម្ដាយរបស់គេទៅវិញទេដែលបានធ្វើដើម្បីគេ ដោយគេមិនបានដឹងទាល់តែសោះ ៕
No comments:
Post a Comment
ការអោយមតិរបស់អ្នក