សិល្បៈ លួងលោម គឺជាមធ្យោបាយយកចិត្តមនុស្ស ធ្វើឲ្យគេត្រូវចិត្ត ធ្វើឲ្យគេចូលចិត្ត។ ដើម្បីនឹងយកចិត្តគេបានយើងត្រូវយល់ពីចិត្តសាស្ត្រមនុស្ស។ អ្នកណាក៏ដូចអ្នកដែរ តែងចង់ឲ្យគេគោរព ចង់ឲ្យគេយល់ថាខ្លួនសំខាន់ តែងគិតថាគំនិតខ្លួនត្រឹមត្រូវ។ ខាងក្រោមគឺជាមធ្យោបាយខ្លះក្នុងការយកចិត្តមនុស្ស៖
- ដាច់ខាតកុំជជែកយកឈ្នះចាញ់៖ ការប្រកែកយកឈ្នះមិនអាចជួយអ្វីដល់អ្នកបានច្រើនទេ។ អ្នកជជែកឈ្នះគេតើគេព្រមកែគំនិតរបស់គេមកស្របនឹងអ្នកវិញទេ? ទេ! គេចាញ់ គេបាក់មុខ ទោះជាគំនិតរបស់អ្នកល្អក៏ដោយក៏គេនៅតែមិនទទួលយកគំនិតរបស់ អ្នកដែរ។ ចូររកវិធីផ្សេងដើម្បីអូសទាញគេឲ្យយល់តាមយើងជាជាងជជែកយកឈ្នះ។
- ដាច់ខាតកុំជជែកយកឈ្នះចាញ់៖ ការប្រកែកយកឈ្នះមិនអាចជួយអ្វីដល់អ្នកបានច្រើនទេ។ អ្នកជជែកឈ្នះគេតើគេព្រមកែគំនិតរបស់គេមកស្របនឹងអ្នកវិញទេ? ទេ! គេចាញ់ គេបាក់មុខ ទោះជាគំនិតរបស់អ្នកល្អក៏ដោយក៏គេនៅតែមិនទទួលយកគំនិតរបស់ អ្នកដែរ។ ចូររកវិធីផ្សេងដើម្បីអូសទាញគេឲ្យយល់តាមយើងជាជាងជជែកយកឈ្នះ។
- កុំវែកញែកថាគេខុសឲ្យសោះ៖ តាមធម្មតាមនុស្សយើងចូលចិត្តផ្លាស់ប្តូរគំនិតខ្លួនចោលដោយគ្មាន ស្តាយស្រណោះ តែបើមាននរណាម្នាក់ថាគំនិតរបស់យើងខុស ក៏ស្រាប់តែប្រកាន់ខ្ជាប់មិនបោះបង់គំនិតចោលទៅវិញ។ សារជាតិរបស់មនុស្សទូទៅ គឺមានគំនិតអញនិយម អញជាធំ ចង់ឲ្យគេគោរព។ ប្រសិនបើយើងឃើញថាគំនិតរបស់បុគ្គលនោះខុស ហើយយើងចង់កែប្រែយើងគួររកវិធីនិយាយកុំឲ្យគេយល់ថាយើងថា គំនិតគេខុស។ ឧទាហរណ៍យើងអាចនិយាយថា ខ្ញុំមិនហ៊ានថាយោបល់លោក ខុសទេ! ហើយខ្ញុំក៏មិនហ៊ានថាយោបល់ខ្ញុំត្រូវដែរ... ពីព្រោះខ្ញុំធ្លាប់ភាន់ច្រឡំច្រើនលើកមកហើយ បើខ្ញុំយល់ខុសខ្ញុំនឹងកែប្រែជាក្រោយ ប៉ុន្តែក្នុងរឿងនេះយើងគួរពិចារណា... ។ អ្នកកវីឈ្មោះល្បី ម្នាក់និយាយថា៖ "បង្រៀនគេតែកុំឲ្យមានឫកពារជាអ្នកបង្រៀនគេ។ ពន្យល់រឿងថ្មីមួយ តែធ្វើឫកហាក់ដូចជាយើងរំលឹករឿងចាស់មួយដែលគេភ្លេច" ។
- វិធានរបស់សូក្រាត៖ កាលណាចង់ឲ្យគេជឿតាមអ្នក ជាបឋមអ្នកត្រូវលើកយកតែរឿងណាដែលគេមានទស្សនៈស្របគ្នានឹងអ្នក។ ម្យ៉ាងទៀតត្រូវខិតខំឆ្កឹះកកាយយកចំណុចណាដែលគេចូលចិត្តដូចគ្នា តែយើងត្រូវចេះនិយាយបង្វែរបន្តិចម្តងៗទៅរកវត្ថុបំណងដែលយើងចង់ បាន។ ត្រូវខិតខំនិយាយបែបណាឲ្យអ្នកស្តាប់ឆ្លើយថា៖ "ត្រូវហើយ" "ពិតមែន" ។
- ទុកឲ្យគេនិយាយឲ្យអស់ចិត្ត៖ អ្នកខ្លះព្រោះតែចង់ឲ្យគេស្របតាមយោបល់ខ្លួនក៏និយាយកាត់គេ ទទឹងទទែង ធ្វើឲ្យភាគីម្ខាងទៀតទៅជាខឹងសម្បា។ មនុស្សម្នាក់ដែលខឹង ទោះបីជាគំនិតយើងល្អយ៉ាងណាក៏ដោយក៏គេមិនទទួលស្គាល់ដែរ។ មនុស្សខឹងហាក់ដូចជាមានអ្វីម្យ៉ាងតឹងណែនក្នុងទ្រូង លុះបាននិយាយចេញអស់ក៏បានធូក្លាយជាធម្មតាវិញ ដូចពាក្យគេថា និយាយឲ្យធូពោះ។ យើងត្រូវទុកឲ្យគេនិយាយឲ្យអស់សាច់រឿង ទើបយើងអាចដឹងរឿងរ៉ាវពេញលេញ និងរកវិធីនិយាយឲ្យត្រូវចំនុចចិត្ត។
- បើមានកំហុសយើងត្រូវសារភាពភ្លាម៖ កាលណាមានកំហុសយើងត្រូវស្មោះត្រង់ក្លាហានទទួលសារភាពភ្លាមៗ នោះអ្នកដែលសៅហ្មងនឹងយើងក៏ស្រាកស្រាន្តចិត្តលែងសូវខឹងឬលែងខឹង នឹងយើងទៅតាមនោះដែរ។ កាលណាគេលែងខឹងយើងងាយស្រួលនឹងនិយាយគ្នា។
ស្រង់ចេញពីសៀវភៅ សិល្បៈលួងលោម ដោយ ហ៊ុន គឹមស៊ា ឆ្នាំ១៩៧៤
សង្ខេបខ្លឹមសារដោយ គេហទំព័រសាលារៀន