ការបញ្ចុះបញ្ចូលមានន័យថា ប្រើឲ្យធ្វើគេធ្វើកិច្ចការដែលគេចង់ធ្វើដោយខ្លួនឯង មិនមែនបង្ខំឲ្យគេធ្វើទេ។ ឆ្លងតាមរយៈបទពិសោធន៍ការងារជាអ្នកបញ្ចុះបញ្ចូលនៅការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) អាមេរិក ជាង ២០ ឆ្នាំ អតីតភ្នាក់ងារម្នាក់បានចែករំលែកវិធីសាស្ត្រសាមញ្ញៗ ក្នុងការបញ្ចុះបញ្ចូលមនុស្សដូចខាងក្រោម៖
១. ចំណាយពេលជាមួយមនុស្សដែលយើងចង់បញ្ចុះបញ្ចូល៖ ពេលវេលាគឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់បញ្ចុះបញ្ចូលមនុស្ស។ ចំណាយ
ពេលជាមួយគ្នាកាន់តែច្រើន កាន់តែងាយស្រួលបញ្ចុះបញ្ចូល។ ពេលវេលា ជួយបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។ ប្រសិនបើឱពុកម្តាយចង់មានឥទ្ធិពលលើកូនៗ ឱពុកម្តាយគួរចំណាយពេលជាមួយកូនៗឲ្យបានច្រើន។ ប្រសិនបើយើងចង់ឲ្យគេចូលចិត្ត យើងគួរចំណាយពេលជាមួយគេឲ្យបានច្រើន។
២. ធ្វើខ្លួនឲ្យចុះសម្រុងនឹងគេ៖ ជាទូទៅមនុស្សចង់ជួយអ្នកដែលគេចូលចិត្ត ដូច្នេះយើងត្រូវចេះរៀបខ្លួនឲ្យដូចជាគ្នាគេ។
៣. កុំឲ្យគេបដិសេធទាន់៖ ទោះបីជាយើងមិនអាចមើលដឹងក្នុងជម្រៅចិត្តថា គេកំពុងគិតអ្វីក៏ដោយ ក៏យើងអាចស្មានដឹងតាមរយៈការសង្កេតលើបបូរមាត់។ កាលណាបបូរមាត់របស់គេញាក់ មានន័យថាគេចង់បដិសេធ។ ត្រង់នេះយើងត្រូវរកវិធីបង្វែរគំនិតរបស់គេភ្លាម គឺកុំឲ្យគេនិយាយបដិសេធទាន់ ព្រោះថាបើគេនិយាយចេញមកហើយយើងពិបាកនឹងកែប្រែទស្សនៈរបស់គេណាស់។ បើត្រឹមតែគិតក្នុងចិត្ត យើងអាចនឹងមានឱកាសប្តូរទស្សនៈរបស់គេបាន។
៤. ធ្វើដូចជាឆ្ងល់៖ ជាទូទៅកាលណាចេះដឹងរឿងអ្វីមួយ មនុស្សច្រើនតែចង់ជួយ អ្នកផ្សេងដែលមិនសូវដឹងរឿងនោះ។ ប្រសិនបើអ្នកដឹងថាគេពូកែខាងអ្វីមួយ អ្នកអាចធ្វើដូចជាឆ្ងល់និងសុំឲ្យគេជួយលើជំនាញមួយនោះ។ វិធីសាស្ត្រនេះ ធ្វើឲ្យគេបើកចិត្តចង់ជួយ និងសហការជាមួយអ្នក។