13 February 2017
ជំនាញទាំង៤ដែលអ្នកត្រូវតែរកឲ្យបានកំលុងពេលអ្នកមានអាយុខ្ទង់២០ឆ្នាំ
រឿងរ៉ាវផ្សេងៗដែលកើតទ្បើងក្នុងកំលុងវ័យ២០ឆ្នាំរបស់អ្នក គឺហាក់បីដូចជាមានភាពស្មុគស្មាញខ្លាំង។ បញ្ហាទាំងអស់នេះ អាចមានឥទ្ធិពលប៉ះពាល់ដល់វាសនានៃជីវិតរបស់អ្នកទាំងមូលក៏ថាបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមចាប់យកនូវជំនាញទាំង៤ ខាងក្រោមនេះឲ្យបាន ក្នុងកំលុងវ័យនេះ ដើម្បីធានាឲ្យបានថាជីវិតរបស់អ្នកនឹងមានប្រសិទ្ធិភាព និងឆ្ពោះទៅដល់គោលដៅដ៏ខ្ពង់ខ្ពស់បាននាថ្ងៃអនាគត៖
១) ជំនាញនៃការប្រមើមើលឲ្យបានវែងឆ្ងាយ៖ មនុស្សភាគច្រើនបោះបង់គោលដៅរបស់ខ្លួនដោយសារខ្វះខាតនូវចិត្តអំណត់អត់ធ្មត់ក្នុងការសម្រេចគោលដៅឲ្យបានជោគជ័យ។ ពួកគេចង់ឲ្យអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងកន្លងមកតបស្នងនូវតម្លៃដែលសាកសមមកវិញភ្លាមៗ ប៉ុន្ដែភ្លេចគិតថា ការសម្រេចទៅដល់គោលដៅប្រៀបដូចជាការដាំដុះរុក្ខជាតិដូច្នោះដែរ។ អ្នកត្រូវព្យាយាមបន្ដិចម្ដងៗដោយមិនបោះបង់សេចក្ដីអំណត់ក្នុងការស្រោចទឹក ដាក់ជី មើលថែទាំវាយ៉ាងយកចិត្តទុកដាក់ លុះថ្ងៃណាមួយពន្លកនឹងដុះចេញមកយ៉ាងស្រស់ស្អាតដោយខ្លួនវាជាក់ជាមិនខាន។
២) ចេះទាញយកផលប្រយោជន៍ពីសក្ដានុពលពិតប្រាកដរបស់អ្នក៖ អ្នកមិនអាចរំពឹងទុកពីខ្លួនឯងនូវជីវិតមួយដ៏អស្ចារ្យ និងមានសេចក្ដីសុខពិតប្រាកដបានពីការប្រឹងដុះខាត់ កែប្រែខ្លួនឯងឲ្យទៅជានរណាម្នាក់នៅក្នុងក្ដីស្រមៃរបស់អ្នកបានឡើយ។ ផ្ទុយទៅវិញ អ្នកនឹងបានទទួលប្រយោជន៍ពីការព្យាយាមស្វែងរកថាខ្លួនឯងជានរណា ហើយប្រើប្រាស់សក្ដានុពលដែលបង្កប់នៅក្នុងខ្លួនរបស់អ្នកដែលមានស្រាប់មកហើយនោះ ដើម្បីប្រើការឲ្យកើតជាប្រយោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។
៣) ចេះប្រើប្រាស់ពេលវេលារបស់អ្នកឲ្យត្រូវគោលដៅ៖ ជារៀងរាល់ថ្ងៃ អ្នកមានសិទ្ធិជ្រើសរើសថាតើគួរចំណាយពេលទៅលើអ្វីដែលតបស្នងប្រយោជន៍ដល់អ្នកក្នុងថ្ងៃអនាគត ឬក៏អ្នកគួរចំណាយទៅលើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់អ្នកវិញសោះ ឬក៏ជាប្រយោជន៍ដែរតែនៅក្នុងរយៈពេលខ្លី។ អ្នកត្រូវចាំថា វិធីដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកក្នុងពេលនេះ នឹងកំណត់ពីភាពជោគជ័យ ឬភាពបរាជ័យរបស់អ្នកក្នុងថ្ងៃអនាគត។
៤) ចេះពីការបរាជ័យយ៉ាងល្អបំផុត៖ កំឡុងពេលសិក្សានៅក្នុងសាលា អ្នកបានទទួលនូវរង្វាន់ និទ្ទេស ឬពិន្ទុល្អៗ ជ័យលាភីពីការប្រកួតប្រជែងដ៏អស្ចារ្យនានា និងសញ្ញាប័ត្រជាដើម ប៉ុន្ដែក្រោយមក របស់អស់ទាំងនោះហាក់ដូចជាគ្មានតម្លៃសម្រាប់ភាពជោគជ័យរបស់អ្នក ព្រោះនៅពេលអ្នកប្រឡូកក្នុងសង្គមជាក់ស្ដែង អ្នកនឹងស្គាល់ពីរសជាតិនៃភាពមិនសមបំណងជាច្រើន តែទោះយ៉ាងណា អ្នកត្រូវមើលភាពបរាជ័យនៅក្នុងផ្លូវវិជ្ជមានជានិច្ច ជាឲកាសសម្រាប់អ្នករៀនសូត្របន្ថែមដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុនជាលំដាប់។
ប្រភព៖ Lifehack
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ការអោយមតិរបស់អ្នក