ពុទ្ធទំនាយ ពាក្យនេះគេតែងឮជារឿយៗក្នុងសង្គមខ្មែរ អ្នកខ្លះដឹងឮតិច អ្នកខ្លះដឹងឮច្រើន ទៅតាមការនិយាយតៗគ្នាឬតាមរយៈឯកសារ។ តើព្រះពុទ្ធពិតជាបានទាយអំពីស្រុកខ្មែរមែនឬ?
សៀវភៅ ពុទ្ធទំនាយ ឥន្ទទំនាយ ឥសីទំនាយ បានប្រមូលចងក្រងរាល់ឯកសារដែលប្រជាជនខ្មែរតែងចាត់ទុកថាជាពុទ្ធ ទំនាយ។ សៀវភៅនេះ ចងក្រងឡើងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និង ធន់ ហ៊ិន។ បើតាមយោបល់របស់អ្នកចងក្រងយល់ថា ការប្រើពាក្យថា ពុទ្ធទំនាយ ឬឥន្ទ្រទំនាយ គឺជាវិធីសាស្ត្រមួយរបស់លោកអ្នកប្រាជ្ញាខ្មែរ តែប៉ុណ្ណោះ ដោយហេតុថា (១) ទំនាយនោះមានលក្ខណៈអស្ចារ្យពេក មិនសមថាមនុស្សលោកអាចនឹងដឹងបានក្រៅពីអច្ឆរិយបុគ្គល មានព្រះពុទ្ធជាដើម ឬទេព្តាមានព្រះឥន្ទ្រជាដើម ទើបបានលោកសរសេរឈ្មោះទាំងពីរ
នេះវិញ (២)ដោយសារលោកចង់ឲ្យអ្នកកាន់ព្រះពុទ្ធសាសនា ក៏ដូចជាអ្នកកាន់ព្រហ្មញ្ញសាសនាមានជំនឿស៊ុបលើទំនាយដ៏អស្ចារ្យ ទាំងនោះ និង (៣) ដើម្បីសន្តិសុខផ្ទាល់ខ្លួនព្រោះទំនាយនេះមិនត្រឹមតែនិយាយពីនគរ គោកធ្លក (កម្ពុជា) ប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយដល់ព្រះមហាក្សត្រិយ៍និងនាហ្មឺនធំៗផងដែរ។
ក្នុងចំណោមពុទ្ធទំនាយទាំងឡាយ មានតែពុទ្ធទំនាយសោឡសនិមិ្មត ដែលថ្លែងពីមហាសុបិន ១៦ ប្រការទេដែលមានចែងក្នុងគម្ពីព្រះត្រៃបិដក ក្រៅពីនោះគ្មានពុទ្ធទំនាយណាមួយមានប្រភពច្បាស់លាស់ទេ។
សុបិនទី១៖ ឃើញគោឧសភរាជរត់ពីទិសទាំងបួន សំដៅមកព្រះលានក្នុងកិរិយាថានឹងជល់គ្នា ប៉ុន្តែលុះមកដល់បែរជាមិនជល់គ្នាវិញ
ទំនាយ៖ អំណើះតទៅមុខ មេឃ អាកាស នឹងប្រែប្រួលខុសប្រក្រតី ។ ជួនកាលមេឃខ្មៅថានឹងភ្លៀងប្រែជាមិនភ្លៀង មេឃស្រឡះថាមិនមានភ្លៀងបែរជាធ្លាក់ភ្លៀង។
សុបិនទី២៖ ឃើញដើមឈើដុះបានកំពស់ត្រឹមតែមួយហត្ថ ស្រាប់តែមានបែកមែកសាខា មានផ្លែផ្កា រណែងរណោង
ទំនាយ៖ អំណើះតទៅមុខមនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្តីប្រពន្ធនៅក្មេងៗណាស់ព្រោះមានកិលេសច្រើនពេក គឺអាយុ ១៣ឆ្នាំ ១៤ ឆ្នាំ ១៥ឆ្នាំ គេនឹងរៀបការគ្នាជាប្តីប្រពន្ធមានកូន អាយុ២៥ឆ្នាំ ៣០ឆ្នាំ ក៏មានចៅ ឯអាយុកាន់តែខ្លីទៅៗ ហើយក្មេងស្រីៗឆាប់មានរដូវណាស់។
សុបិនទី៣៖ ឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចសុំបៅដោះកូនរបស់ខ្លួន
ទំនាយ៖ អំណើះតទៅមុខមនុស្សកាន់តែបាត់បង់សីលធម៌ច្រើនមិនសូវចេះគោរពមាតា បិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀត មាតាត្រូវអង្វរករ កូន ត្រូវខំផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួន ជាឪពុកម្តាយឲ្យបាយទទួលទានផង។