សៀវភៅ The Secret (អាថ៌កំបាំង) គឺជាសៀវភៅដ៏ល្បីល្បាញមួយក្នុងលោក ដែលលក់ដាច់ជាង ១៩ លាន ក្បាល និងត្រូវបានបកប្រែជាង ៤០ ភាសា នៅទូទាំងពិភពលោក។ សៀវភៅនេះនិពន្ធដោយ អ្នកស្រី រ៉នដា (Rhonda Byrne)។ កាលពីអតីតកាលជីវិតរបស់អ្នកស្រី រ៉នដា ស្ថិតក្នុងសភាពអាប់អួរ និងក្រលំបាកក្រៃលែង។ ក្រោយមកអ្នកស្រីបានស្វែងរកឃើញអាថ៌កំបាំងមួយ ដែលបង្កប់នៅក្នុងសៀវភៅមួយក្បាលដែលនិពន្ធតាំងពីជាង១រយឆ្នាំមុនមកម្ល៉េះ។ អ្នកស្រីបានអនុវត្តន៍តាមរូបមន្តអាថ៌កំបាំងនៅក្នុងសៀវភៅនោះ។ ចាប់តាំងពីពេលនោះមក ជីវិតរបស់អ្នកស្រីប្រែប្រួលទៅជាភ្លឺស្វាងរុងរឿង។ ដោយហេតុថាជីវិតរបស់ខ្លួនបានពើបប្រសព្វនឹងជោគជ័យដោយថាតែខ្លួនបានរកឃើញអាថ៌កំបាំងដូច្នេះ ទើបអ្នកស្រី រ៉នដា បានពុះពារស្រាវជ្រាវ ចងក្រងឯកសារ ដើម្បីផ្សព្វផ្សាយដល់មនុស្សទូទាំងពិភពលោកឲ្យបានដឹងពីអាថ៌កំបាំងនៃចក្រវាឡ ដូចអ្នកស្រីដែរ។ អ្នកស្រីបានរៀបចំខ្សែភាពយន្តឯកសារមួយ ឈ្មោះថា The Secret ដោយបញ្ចូលនូវទស្សនៈរបស់ជនល្បីៗទាំងនៅមានជីវិត និងបាត់បង់ជីវិត ដែលបានដឹងអំពីអាថ៌កំបាំងដ៏មហិមានេះ។ ខ្សែភាពយន្តនេះ ទទួលបានជោគជ័យបំផុត (មុនការបោះពុម្ពសៀវភៅ)។ អ្នកស្រីរ៉នដា ត្រូវបានទស្សនាវដ្តី Time ចាត់ក្នុងចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលកំពូលៗទាំង ១០០ នាក់ ដែលជួយកែប្រែពិភពលោក។
សូមចូលរួមពិចារណា គតិបណ្ឌិត ក្នុងសៀវភៅ The Secret ដូចតទៅ៖
អ្នកនឹងទទួលបានអ្វីៗគ្រប់យ៉ាង សុភមង្គល សុខភាព និងទ្រព្យសម្បត្តិ ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ និងទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អាថ៌កំបាំងនោះគឺច្បាប់ទំនាញ (The Law of Attraction)។ មនុស្សយើងគ្រប់រូបរស់នៅក្រោមច្បាប់ទំនាញនេះតែមួយដូចគ្នា។ នេះគឺជាអាថ៌កំបាំងដ៏មហិមានៃជីវិត។ ច្បាប់ទំនាញចែងថាល្អរត់រកល្អ សរត់រកស ខ្មៅរត់រកខ្មៅ ពោលគឺនៅពេលអ្នកគិតពីរឿងអ្វីមួយ អ្នកនឹងទាញរឿងនោះចូលក្នុងជីវិតរបស់អ្នក។ គំនិតរបស់មនុស្សប្រៀបបាននឹងមេដែក បើគេគិតតែរឿងអាក្រក់ៗគេនឹងទាញរឿងអាក្រក់ៗបន្ថែមទៀតចូលក្នុងជីវិត។ បើគេគិតរឿងល្អៗ គេនឹងទាញរឿងល្អៗចូលក្នុងជីវិត។ នៅពេលដែលគេគិតរឿងអ្វីមួយ មានន័យថាគេកំពុងបញ្ជូនគំនិតទៅកាន់ចក្រវាឡ ហើយគំនិតទាំងនោះទាញរឿងដូចៗគ្នានេះចូលក្នុងជិវិត។ រឿងគ្រប់យ៉ាងដែលកើតក្នុងជីវិតរបស់យើង សុទ្ធតែជាលទ្ធផលនៃទំនាញទាំងអស់ គឺយើងខ្លួងឯងដែលជាអ្នកទាញវាឲ្យចូលមកក្នុងជីវិតតាមរយៈគំនិតដែលដក់ជាប់ក្នុងចិត្តរបស់យើង។ មហាបុរសល្បីៗក្នុងលោកសុទ្ធតែដឹងពីអាថ៌កំបាំងនេះ។ ទោះបីអ្នកជានរណាក៏ដោយ មកពីទីណាក៏ដោយ អ្នកនៅតែស្ថិតក្រោមច្បាប់ទំនាញជានិច្ច ច្បាប់ទំនាញគឺជាអ្នកកំណត់ឆាកជីវិតរបស់អ្នក។ អ្នកគឺជាបុគ្គលតែម្នាក់គត់ដែលធ្វើឲ្យច្បាប់ទំនាញនេះមានចលនាឡើង ហើយអ្នកធ្វើបានតាមរយៈគំនិតរបស់អ្នក។ ច្បាប់ទំនាញឆ្លើយតបទៅនឹងគំនិតរបស់អ្នកជានិច្ចដោយមិនខ្វល់ថាអ្នកគិតល្អឬអាក្រក់ ចង់បានឬមិនចង់បានទេ។ ប្រសិនបើអ្នកគិតតែពីរឿងបំណុល រឿងភ័យខ្លាច អ្នកបានបញ្ជូនរលកសញ្ញានេះទៅកាន់ចក្រវាឡ ហើយអ្នកនឹងជួបតែរឿងនេះកាន់តែច្រើនឡើង។ ច្បាប់ទំនាញដំណើរការគ្រប់ពេលវេលា គ្រប់មនុស្សទាំងអស់។ នៅពេលដែលអ្នកគិតពីអ្វីដែលអ្នកចង់បាន ហើយផ្តោតចំណាប់អារម្មណ៍ពេញទំហឹងលើវា ច្បាប់ទំនាញនឹងផ្តល់ឲ្យអ្នកតាមបំណងគ្រប់ពេល។ បើអ្នកគិតជាប់ជានិច្ចនូវជីវិតស្តុកស្តម្ភ អ្នកនឹងទទួលបានជីវិតស្តុកស្តម្ភ។ តើពិតជាងាយដល់ម្លឹងមែនឬ? ចុះហេតុអ្វីបានជាមនុស្សគ្រប់រូបមិនអាចរស់នៅសមដូចបំណងបាន? បញ្ហាស្ថិតនៅត្រង់មនុស្សភាគច្រើនយកពេលគិតតែអំពីរឿងដែលពួកគេមិនចង់បាន ច្រើនជាងយកពេលទៅគិតពីអ្វីដែលពួកគេចង់បាន។ ច្បាប់ទំនាញ ដំណើរការជានិច្ច ទោះបីអ្នកជឿឬមិនជឿ យល់ឬមិនយល់ក៏ដោយ។ រឿងដែលអ្នកកំពុងគិតនៅពេលនេះ គឺជាអ្នកសាងអនាគតរបស់អ្នក។ អ្នកសាងជីវិតខ្លួនឯងដោយគំនិតខ្លួនឯង។ ដាំពូជអ្វីបានផលហ្នឹង។ គំនិតរបស់អ្នកគឺជាគ្រាប់ពូជ អ្នកនឹងប្រមូលផលទៅតាមគ្រាប់ពូជដែលអ្នកបានដាំដុះ។
របៀបអនុវត្តន៍ច្បាប់ទំនាញ
ច្បាប់ទំនាញផ្តល់ដល់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នា។ វិធីប្រតិបត្តិច្បាប់ទំនាញងាយបំផុត គឺ (១) ស្នើសុំ (២)ជឿជាក់ និង (៣) ទទួលយក។
១. ស្នើសុំ ៖ ចូរស្នើសុំទៅចក្រវាឡនូវអ្វីដែលអ្នកចង់បាន។ ចូរចំណាយពេលគិតឲ្យបានច្បាស់លាស់បំផុតពីបំណងប្រាថ្នារបស់ខ្លួន តើអ្នកចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិត? ប្រសិនបើបំណងប្រាថ្នារបស់អ្នកមិនច្បាស់លាស់ទេ ចក្រវាឡមិនអាចផ្តល់ឲ្យអ្នកសមតាមបំណងបានទេ។ ចូរស្នើសុំតែម្តងបានហើយ អ្នកមិនចាំបាច់សុំម្តងហើយម្តងទៀតទេ។
២. ជឿជាក់ ៖ បន្ទាប់ពីស្នើសុំរួចហើយ ចូរជឿជាក់ថាអ្នកទទួលបានសមដូចបំណង។ ចូរជឿដោយសទ្ធាដាច់ខាត។ ចូរមើលឃើញថាសេចក្តីប្រាថ្នាក្លាយជាការពិត។ ចក្រវាឡនឹងចាប់ផ្តើមកែសម្រួលដើម្បីឲ្យអ្នកទទួលបានរបស់ទាំងនោះតាមបំណង។ មនុស្សភាគច្រើន មិនព្រមបើកចិត្តហ៊ានប្រាថ្នាទៅតាមបំណងខ្លួនទេ ព្រោះខ្លួនមើលមិនយល់ថាវានឹងកើតឡើងដូចម្តេចកើត។ អ្នកមិនចាំបាច់ចង់ដឹងថាវានឹងដំណើរការដូចម្តេចទេ ហើយអ្នកក៏មិនចាំបាច់ដឹងថាចក្រវាឡនឹងរៀបចំយ៉ាងណាដែរ។ ចូរទុកកិច្ចការនេះឲ្យចក្រវាឡជាអ្នកសម្រេច។ បើអ្នកនៅតែសង្ស័យមិនអស់មិនហើយដូច្នេះ សទ្ធារបស់អ្នកនឹងថយ។ ច្បាប់ទំនាញប្រៀបបានដូចជាកញ្ចក់ប្រសិនបើអ្នកសង្ស័យថាមិនសមតាមបំណង អ្នកនឹងទាញយកតែភាពមិនសមបំណងចូលមកក្នុងជីវិតបន្តទៀត។
៣. ទទួលយក ៖ ចូរធ្វើចិត្តឲ្យរីករាយ។ អារម្មណ៍រីករាយបញ្ជាក់ថាអ្នកកំពុងស្ថិតនៅលើគន្លងជាមួយចក្រវាឡ ហើយអ្នកសមនឹងទទួលបានវត្ថុដែលខ្លួនប្រាថ្នា។ ចូរទទួលយកដោយរីករាយនៅពេលវត្ថុដែលខ្លួនប្រាថ្នាបានមកដល់ដៃខ្លួនដូចបំណង។
សង្ខេបខ្លឹមសារ និងប្រែសម្រួលជាភាសាខ្មែរដោយ គេហទំព័រសាលារៀន salarean.com