11 February 2017

ប្រវត្តិ​នៃ​ពិធីបុណ្យ​មាឃបូជា


​យោងតាម​ឯកសារ​នានា​ឲ្យ​ដឹងថា«​មាឃបូជា​» គឺជា​ពិធីបុណ្យ​មួយ ដែល​ពុទ្ធសាសនិកជន​នាំគ្នា​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ពេញ​បរ​មី ខែមាឃ ដោយ​ គេ​កំណត់​យក​ថ្ងៃ​១៥​កើត​ខែមាឃ ព្រោះ​ថ្ងៃខែ​នេះ​ទាក់ទង​នឹង​ពុទ្ធប្រវត្តិ​ដូច​ពិសាខបូជា​ដែរ ពោលគឺ​ក្នុង​ឆ្នាំ​ដំបូង​ដែល​ព្រះពុទ្ធ​បាន​ត្រាស់ដឹង មាន​មហាសន្និបាត​មួយ ដែលមាន​ព្រះអរហន្ត​១២៥០​អង្គ​។ នៅពេល​ជួបជុំគ្នា ព្រះពុទ្ធ​ទ្រង់​សម្តែង​ឱវាទ ប្បាតិមោក្ខ ហើយ​ទ្រង់​តាំង សារីបុត្រ​ជាបឋម​សាវ័ក ព្រះ​មោ​ក្គ​ល្លាន​ជា​ទុតិយ​សា​វ័ន​។ 


​លុះ​ព្រះជន្ម​គម្រប់​៨០​វស្សា មុន​ថ្ងៃ​បរិ​ព្វា​ន​៣​ខែ គឺ​នៅ​ថ្ងៃពេញបូណ៌មី​ខែមាឃ មាន​ក្រុម​
មារ​មក​និមន្ត​ព្រះពុទ្ធ​ឲ្យ​ចូល​និ​ពា្វ ព្រះអង្គ​ទ្រង់​ឆ្លើយ​ប្រាប់​មារ​ថា ព្រះអង្គ​នឹង​ទ្រង់ បរិ​ព្វា​ន​នៅ​៣​ខែ​ទៀត គឺ​ដល់​ថ្ងៃពេញបូណ៌មី ខែ​ពិសាខ​ខាងមុខ​។ នៅពេល​ព្រះអង្គ​ទ្រង់​ដាក់ ព្រះ​ជន្មាយុ
​សង្ខារ​នោះ មានការ​កក្រើកញាប់ញ័​រ​ផែនដី​យ៉ាងខ្លាំង ព្រមទាំង​ផ្គរលាន់​កងរំពង​ផ្ទៃមេឃ​។ អាស្រ័យ​ដោយ ថ្ងៃពេញបូណ៌មី​ខែមាឃ​ជា​ថ្ងៃ​អស្ចារ្យ​២​បែបនេះហើយ ពោល​គឺជា​ថ្ងៃ​ប្រជុំ​អរហន្ត និង​ដាក់​អាយុសង្ខារ បានជា​ពុទ្ធបរិស័ទ​នាំគ្នា​រៀបចំ​គ្រឿង​សក្ការៈបូជា​ព្រះ​រតនត្រ័យ​រំលឹក ដល់​ថ្ងៃ​ខួប​នោះ​ជា​ប្រពៃណី​។​

​តាម​ទំនៀម ពិធីបុណ្យ​មាឃបូជា ប្រព្រឹត្តិ​ទៅ​នៅពេល​យប់​ក្នុង​វត្ត​អារាម​នីមួយៗ ដោយ​ពុទ្ធបរិស័ទ ត្រូវ​ដើរ​ប្រទក្សិណ​ព្រះវិហារ​៣​ជុំ​សិន​មុននឹង​ចូល និង​យក​ទេយ្យវត្ថុ​រៀប​ដាក់​នៅមុខ​ពុទ្ធរូប រួច​អុជ​ទៀនធូប​។ លុះ​ជួបជុំគ្នា​ហើយ​ព្រះសង្ឃ​១​អង្គ​ដែល​ចាស់​វង្សា​ជាងគេ​សូត្រ​សិក្ខាបទ​។ បន្ទាប់មក​ព្រះសង្ឃ​២​អង្គ ដែល​គង់​នៅមុខ​ទេយ្យវត្ថុ​សូត្រ​សរសើរគុណ​ព្រះពុទ្ធ លុះ​ចប់ ព្រះសង្ឃ​ត្រូវ​សម្តែង​ទេសនា អំពី​ជីវប្រវត្តិ​របស់​ព្រះពុទ្ធ​។ ការសូត្រ​ពុទ្ធគុណ និង​សម្តែង​ទេសនា​ប្រព្រឹត្តិ​ឆ្លាស់គ្នា​រហូតដល់​អា​ធ្រា​ត្រ​។ លុះ​ព្រឹក​ឡើង​គេ​ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​ដើម្បី​បញ្ចប់​ពិធីបុណ្យ​៕